ដើមរាំងអាយុរាប់ រយឆ្នាំមួយដើម នៅតំបន់ព្រៃលិចទឹក ត្រូវបានគេគាស់បម្រុងដឹកចេញតែមិនបានសម្រេច
កំពង់ឆ្នាំង ៖ ដើមរាំង១ដើមយ៉ាងធំនិងមានមែកសាខា ក្នុងចំណោមដើមរាំងជាច្រើនដើម ត្រូវបានក្រុមជនខិលខូចលួចកាត់ និងគាស់មានបំណងដឹកចេញ ប៉ុន្តែត្រូវបែកការ ទើបរថយន្តដែលត្រូវមកដឹកដើមរាំងខាងលើ បានបើករត់គេចបាត់ សល់តែដើមរាំង ដែលបានគាស់ចេញពីដីក្នុងដីទុកជាស្រេចនៅកន្លែងកើតហេតុ។ ហេតុការនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៩ ប៉ុន្តែនៅព្រឹកថ្ងៃទី២០ ខែមេសា ទើបមានការភ្ញាក់ផ្អើល ដោយមានប្រជាពលរដ្ឋ ចេញទៅប្រកបរបរនេសាទ ប្រទះឃើញ នៅចំណុចកោះអាចម៍ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។តាមប្រភពពីប្រជាពលរដ្ឋ នៅភូមិកោះតាម៉ូវ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានក្រុមជនខិលខូចមួយក្រុម បានលួចចូលទៅដល់ចំណុចកោះអាចម៍ ជាតំបន់ព្រៃលិចទឹក ដែលមានដើមរាំងរាប់សិបដើម ហើយបានធ្វើសកម្មភាពលួចគាស់ និងកាត់ដើមរាំងយ៉ាងធំមួយដើម ដើម្បីដឹកចេញ លុះនៅម៉ោងជាង៩យប់ ក៏មានរថយន្តស្ទូចមួយគ្រឿងបានចូលទៅក្នុងភូមិកោះតាម៉ូវ ដើម្បីទៅដឹកដើមរាំងខាងលើ តែត្រូវបែកការ ដោយសារតែដឹងដល់មន្ត្រីជំនាញ បានចាត់កម្លាំងទៅស្ទាក់ចាប់ទាំងយប់ ប៉ុន្តែមិនបានសម្រេច គឺជនខិលខូចបានលួចរត់គេចជាមួយ និងរថយន្តបាត់ទៅ។លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ខាងលើ លោកបានដាក់កម្លាំង ចេញស្ទាក់ចាប់ទាំងយប់ប៉ុន្តែ ដោយសារភូមិសាស្ត្រឆ្ងាយពេក ជាប់ព្រំប្រទល់ឃុំឆ្នុកទ្រូ ទម្រាំសមត្ថកិច្ចទៅដល់ ជនល្មើសបានរត់គេចខ្លួនអស់ទៅ ។
លោក លី ឡា បានរំឭកដែរថា កាលពីឆ្នាំកន្លងទៅ នៅចំណុចកោះអាចម៍នេះ ក៏មានការលួចចូលកាប់គាស់យកដើមរាំងដូចគ្នានេះដែរ តែត្រូវបែកការ ក្រុមជនល្មើសបានគេចខ្លួនអស់ សល់តែដើមរាំង ដែលគាស់រួចមួយដើម ប៉ុន្តែមកដល់ពេលនេះ ដើមរាំងនោះបានងាប់ទៅហើយ គួរសោកស្ដាយណាស់។ពាក់ព័ន្ធករណីដើមរាំង ដែលក្រុមជនល្មើសលួចគាស់បំណងដឹកចេញមិនសម្រេចនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះដើមរាំងមួយដើម ខាងលើនេះ លោកមិនទុកឲ្យងាប់ដូចឆ្នាំមុននោះទេ លោក និងសុំ អាជ្ញាធរខេត្ត ដឹកយកដើមរាំងនោះ មកដាំលំអក្នុងសួនច្បារក្នុងក្រុងកំពង់ឆ្នាំង តែមិនទាន់ច្បាស់ថា សួនណាទេ អាចដាក់ក្នុងសូន វិមានឯករាជ្យ ឬដាក់ក្នុងសួនសម្តេចៅហ្វាវាំងគង់សំអុល។ជុំវិញការកាប់គាស់ដើមរាំងក្នុងព្រៃលិចទឹកនេះដែរ មានមតិមួយចំនួនលើកឡើងថា បច្ចុប្បន្នខ្មែរយើងមិនមានឲ្យដើមរាំងប៉ុន្មាននោះទេ សម្រាប់ប្រទេសជិតខាងគេត្រូវការ និងឲ្យតម្លៃ ដើមរាំងខ្លាំងណាស់ ក្នុងមួយដើមអាចតម្លៃពីរាប់ពាន់ដុល្លារដល់ម៉ឺនដុល្លារក៏មានដែរ។ ឯណោះប៉ុន្តែសម្រាប់កម្ពុជាវិញ ប្រជាពលរដ្ឋមិនបានយល់ដឹង មានតែការកាប់បំផ្លាញព្រៃលិចទឹកជាពិសេសដើមរាំងធំដូចនេះតែម្ដង៕ដោយPP